ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុខ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។ 


នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ថា «ដោយទទួលបានបទបញ្ជា របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មូលដ្ឋាន ជាពិសេសអធិការខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវ និងតាមរកបុរស ដែលបង្កអំពើហិង្សានេះឲ្យឃើញ ដើម្បីសួរនាំ និងចាត់ការបន្ដទៀត តាមនីតិវិធីច្បាប់»។


ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងផងដែរថា ទាក់ទងនឹងអំពើហិង្សា ដែលបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមជាច្រើន ទាក់ទងនឹងបញ្ហាបុរសម្នាក់ បានយកមួកសុវត្ថិភាព វាយមកលើស្ដ្រីម្នាក់នេះ គឺការធ្វើអំពើហិង្សាលើសាធារណៈ ជាពិសេសហិង្សាលើស្ដ្រី គឺវាអាក្រក់បំផុត ចំពោះភ្នែកសាធារណជនទាំងអស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ