សម្តេចតេជោ ៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។
ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។
ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។
ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។
ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។
ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។
សម្រាប់សំណូមពរជប៉ុនដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ