សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អគ្គមេបញ្ជាការ កងទ័ពព្រុយណេ ថា «កម្ពុជានៅតែដោះស្រាយព្រំដែន ជាមួយថៃ ដោយសន្តិវិធី»
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេថា ជំហររបស់កម្ពុជានៅតែដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។
ក្នុងឱកាសអនុញ្ញាត ឲ្យអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម នាថ្ងៃ១៩ កញ្ញា សម្តេចធិបតីបានថ្លែងអំណរគុណព្រុយណេ ដែលបានគាំទ្រ និង បានចូលរួម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានជម្រាបអគ្គមេបញ្ជាការ អំពីបច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
ចំណែក អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេ លើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីរក្សាបាននូវសន្តិភាពយូរអង្វែង រវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាសន្តិភាព នៅក្នុងតំបន់ទាំងមូល ៕