ប្រធានរដ្ឋសភាកម្ពុជា ប្រាប់មហាសន្និបាតអាយប៉ាថា «កងកម្លាំងយោធាថៃ បានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា បណ្តាលឱ្យមានអ្នករងរបួសជាង ២០នាក់»
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជម្រាបមហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង ២០នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។
សម្តេច បន្ដថា ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេច បានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។
សម្តេច បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ សម្ដេច ថា «ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ»។
សូមរំលឹកថា ក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួម ជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍អាយប៉ា ជាច្រើនចូលរួម ប្រមាណជា៩០០នាក់ សម្តេចបានជម្រាបកិច្ចប្រជុំថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា៕