ភ្នំពេញ ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ ទាំងថ្ងៃ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ២.៦០០អាវ ក្នុងនោះ ស្នងការរាជធានីទទួលបាន ២០០អាវ និងខេត្តនីមួយៗទទួលបាន ១០០អាវ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា មកដល់ពេលនេះ អាវភ្លៀងដែល លោឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្ដល់ជូននោះ បានប្រគល់ដល់ស្នងការដ្ឋាននគរបាលរាជធានី និងខេត្តទាំងអស់រួចរាល់ហើយ។ លោក បានបន្ថែមថា មុខសញ្ញាមន្ត្រីត្រូវទទួលអាវភ្លៀង គឺមន្ត្រីអនុវត្តតួនាទីភារកិច្ចនៅខាងក្រៅក្នុងអំឡុងរដូវភ្លៀងនេះ។

សូមរំលឹកថា កាលពីដើមរដូវវស្សាឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ធ្លាប់ផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១៦.៣៥០ អាវរួចមកហើយ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការខិតខំបំពេញតួនាទីរបស់មន្ត្រីនគរបាលជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ