ចន្ទបុរី, ថៃ ៖ នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយ នៅខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា។

យោងតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែន បានឱ្យដឹងថា កិច្ចប្រជុំនាព្រឹកថ្ងៃនេះ សមាសភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។

ដោយឡែកសមាសភាពថៃវិញ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំនឹងជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២រួមមាន៖

១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥

២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំ ក៏នឹងពិភាក្សាលើរបៀបវារៈផ្សេងៗទៀត ពាក់ព័ន្ធកិច្ចការព្រំដែនផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ភាគីទាំងពីរនឹងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំ ចង្អៀត និងកិច្ចប្រជុំពេញអង្គ ហើយរបៀបវារៈនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំពេញអង្គ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ