នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ព្រលានយន្ដភ្នំពេញ គឺគ្មានលក់ទៅណាឡើយ ខណៈកន្លងទៅ មានជនខិលខូចលួចរត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារហើយ
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គឺគ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូច រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារហើយផងដែរ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន នៅក្រៅប្រទេសតែងតែលើកឡើងថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) បានលក់ឲ្យវិស័យឯកជនហើយ» ខណៈព័ត៌មាននេះ គឺមិនពិតឡើយ។
នាឱកាសអញ្ជើញជាអធិបតីក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ព្រលានចាស់ អត់លក់ទៅណាទេ នៅតែចលនាព្រទ្យរបស់រដ្ឋ ការគ្រប់គ្រងរបស់រដ្ឋ ឥឡូវនេះយើងមាន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ទទួលភារកិច្ចក្នុងថែទាំកន្លែងនោះ ថវិកាលើកថ្ងៃមុន មួយឆ្នាំ ៣លានដុល្លារ គ្រាន់តែថែទាំ ទាំងសន្ដិសុខអីទាំងអស់»
សម្ដេចធិបតី បន្ដថា សំណួរ សួរថា យើងថែទាំមួយឆ្នាំ ៣លានដុល្លារ ទុកចោលនឹងធ្វើអ្វី? សម្ដេច សូមបញ្ជាក់ថា «អត់មានលក់ឲ្យឯកជនទេ គឺជារបស់រដ្ឋ អត់មានផែនការលក់ទៅណាទេ»។ នាពេលកន្លងទៅ មានគំនិតស្នើមក សម្ដេច ដើម្បីអភិវឌ្ឍផ្សេងៗ តែ សម្ដេច គឺមិនទទួលឡើយ។
សម្ដេចធិបតី បន្ដថា នៅថ្ងៃខាងមុខ បើមានប្រែក្លាយព្រលានយន្តហោះពោធិ៍ចិនតុង ទៅជាសួនសារធារណៈ សារមន្ទីរ ក៏ដោយ ក៏សមិទ្ធិផលនេះ នឹងនៅជាសម្បត្តិរបស់រដ្ឋដដែល មិនមែនរបស់ឯកជនទេ។
នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានបង្ហើបថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សម្នាក់ហ៊ានក្លែងហត្ថលេខារបស់ សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ។
សម្ដេច មានប្រសាសន៍ថា «មានអ្នកខ្លះលួចរត់ប្លង់លក់ (លួចលក់ព្រលានយន្ដហោះ) ថ្ងៃមុន ចាប់មួយបន្លំហត្ថលេខាទាំងខ្ញុំទៀត ចាប់ដាក់គុកមួយ ហើយមានទាំងបន្លំហេត្ថលេខារបស់ សម្ដេចតេជោ ទៀត រត់ការនេះ រត់ការនោះ ហើយបើមានអ្នករត់ការដោះដូរព្រលាននេះ កុំជឿឲ្យសោះ»៕់