ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឌីជីថលភាវូបនីយកម្ម និងការផ្សព្វផ្សាយអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងចំណោមភារកិច្ចសម្រេចបានលទ្ធផលជាច្រើន អគ្គនាយកដ្ឋាន បាននិងកំពុងដំណើរការកម្មវិធី វឌ្ឍនភាពការងារ តាមបណ្តាអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីនេះមានគោលបំណងបង្កលក្ខណៈជូនថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត បានផ្ដល់ព័ត៌មានដោយសង្ខេបខ្លីខ្លឹមជូនសាធារណជន អំពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ច និងវិធីសាស្រ្តដឹកនាំសម្របសម្រួលរបស់ខ្លួន ក្នុងការងារបម្រើសេវាសាធារណៈតាមវិស័យទទួលខុសត្រូវជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលការណ៍ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមបានបន្តទៀតថាកម្មវិធីនេះ ក៏ជាឱកាសឱ្យមន្ត្រីទទួលបន្ទុកតាមជំនាញ ក្នុងវិស័យនីមួយៗចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត បានលើកឡើង ពីបញ្ហាប្រឈមក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីឱ្យភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋបានចូលរួមជាមួយមន្ត្រី ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ ក៏ដូចជាការចូលរួមចំណែក ផ្តល់សំណើ សំណូមពរ តាមរយៈការបញ្ចេញមតិយោបល់ នៅក្នុងបណ្ដាញសង្គម ដែលផ្សព្វផ្សាយពីកិច្ចសម្ភាសនោះ ដើម្បីឱ្យមន្ត្រីទទួលយកមកពិនិត្យ ពិចារណា និងដោះស្រាយ។

គួរកត់សម្គាល់ថា កិច្ចសម្ភាសបានធ្វើឡើងនៅស្ទូឌីយ៉ូ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចសម្ភាស មានផ្សាយតាមរយៈផេកផ្លូវការក្រសួងមហាផ្ទៃ ផេកផ្លូវការអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ផេកផ្លូវការ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងផ្សាយបន្តតាមផេកផ្លូវការរបស់ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំអង្គភាពចំណុះ អភិបាលរាជធានី ខេត្ត ផេកផ្លូវការអង្គភាពចំណុះ ក្រសួង និងផេកផ្លូវការរបស់រដ្ឋបាលរាជធានី ខេត្តសាមី។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ដែលបានចូលរួមក្នុងកិច្ចសម្ភាសនេះ រួមមាន ១.អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ២.អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៣.អគ្គនាយកដ្ឋានពន្ធនាគារ ៤.បណ្ឌិត្យសភានគរបាលកម្ពុជា ៥.សាលាជាតិរដ្ឋបាលមូលដ្ឋាន ៦.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៧.អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៨.អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ៩.អគ្គនាយកដ្ឋានធនធានមនុស្ស ១០.អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ១១.អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងទី១២.ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋានកំពុងរៀបចំផ្សព្វផ្សាយ។

ដោយឡែករដ្ឋបាលរាជធានី-ខេត្ត ចំនួន១២ទៀត ដែលបានមកផ្ដល់បទសម្ភាសរួចរាល់ រួមមាន ១.រដ្ឋបាលខេត្តកណ្តាល ២.រដ្ឋបាលខេត្តតាកែវ ៣.រដ្ឋបាលខេត្តព្រះសីហនុ ៤.រដ្ឋបាលខេត្តក្រចេះ ៥.រដ្ឋបាលខេត្តកំពង់ចាម ៦.រដ្ឋបាលខេត្តកំពង់ធំ ៧.រដ្ឋបាលខេត្តពោធិ៍សាត់ ៨.រដ្ឋបាលខេត្តស្វាយរៀង ៩.រដ្ឋបាលខេត្តរតនគិរី ១០.រដ្ឋបាលខេត្តកំពង់ឆ្នាំង ១១.រដ្ឋបាលខេត្តព្រៃវែង និងទី១២.រដ្ឋបាលខេត្តស្ទឹងត្រែង។

គួរកត់សម្គាល់ថាទម្រង់នៃកម្មវិធីសម្ភាស ប្រព្រឹត្តទៅដោយមានវាគ្មិន ជាអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែល ជាអភិបាល ឬអភិបាលរងតំណាងអភិបាលរាជធានី-ខេត្ត អមដោយមន្ត្រីជំនាញមួយក្រុមតូច។ ក្រៅពីការបង្ហាញលទ្ធផលការងាររបស់ខ្លួន វាគ្មិនក៏ត្រូវឆ្លើយតបសំណួរសំខាន់ៗមួយចំនួន ពិសេសសំណួរដែលជាមន្ទិលរបស់មហាជនពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គភាពវាគ្មិន ដោយមានពិធីករមួយរូបជាអ្នកសម្របសម្រួល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ