ក្រសួងមហាផ្ទៃ អំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹក ជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចបង្កើតមូលនិធិគាំទ្រកម្លាំងជួរមុខក្រសួងមហាផ្ទៃ ក្នុងស្មារតីស្នេហាជាតិ និងបុព្វហេតុមនុស្សធម៌ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ អំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។
ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរក ដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។
ក្នុងន័យនេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចបង្កើត “មូលនិធិគាំទ្រកម្លាំង ជួរមុខក្រសួងមហាផ្ទៃ» ក្នុងគោលបំណងបន្តកៀរគរប្រមូលជំនួយ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់កម្លាំងជួរមុខ របស់យើង ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក៏ដូចជា ដើម្បីចូលរួមសម្រាលការលំបាកនានារបស់ជនភៀសសឹក៕