សៀមរាប ៖ អ្នកជំនាញទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៥នេះ មានជាង៣ម៉ឺន៦ពាន់នាក់ ខណៈដែលព្រឹត្ដិការណ៍នេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អ។

ភ្ញៀវទេសចរជាតិ បានលើកឡើងថា ក្នុងរយៈពេលបីថ្ងៃ នៃព្រឹត្ដិការណ៍សមរាត្រី មិនឃើញថ្ងៃរះចំកំពូលប្រាសាទអង្គរ កំពូលប្រាសាទច្បាស់ក្ដី ប៉ុន្ដែពួកគាត់ពេញចិត្ដ និងសប្បាយយរីករាយ ដោយសារជាព្រឹត្ដិការណ៍មួយអស្ចារ្យដែលនៅលើពិភពលោកមិនអាចប្រៀបផ្ទឹមបានជាមួយវប្បធម៌របស់ខ្មែរ។ ពួកគាត់បន្ដថា ការទៅទស្សនាប្រាសាទអង្គរវត្តនាថ្ងៃរះចាប់ពីម៉ោង៤ព្រឹក ប៉ុន្ដែមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។

ពួកគាត់មានមោទនភាព ដែលភ្ញៀវទេសចរជាច្រើនទៅទស្សនាព្រឹត្ដិការណ៍សមរាត្រីខ្លះបានអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ជាង៣ម៉ឺន៦ពាន់នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង៣ម៉ឺន៦ពាន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ២៥៧៦នាក់ និងភ្ញៀវទេសចរជាតិ ៣៣,៧៤៦នាក់។ លោកបន្ដថា អ្នកទេសចរបានទៅទស្សនានៅពីម៉ោង៥:០០នាទី-៧:០០នាទី។

សូមរំលឹកថា កាលពីឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រីមានជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្ដរជាតិ ១៨៣៤នាក់ ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ