ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនចោលវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលកងទ័ពថៃបានចាប់ខ្លួន នាពេលកន្លងទៅ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនថា «រាជរដ្ឋាភិបាល ភ្លិចកងទ័ពទាំង ១៨រូបហើយ» សម្ដេច ឆ្លើយតបវិញថា «អត់ទេ»។

គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជា ថ្ងៃទី៥៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយពេលកងទ័ពថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា ថៃ ចូលជាធរមាន។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់កងទ័ពថៃ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ថា អាយុជីវិត សុខទុក្ខ និងសេរីភាពរបស់កងទ័ព ១៨រូប គឺស្ថិតក្នុងការគិតគូររបស់រាជរដ្ឋាភិបាលជា និច្ច។

សម្ដេចធិបតី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល មិនបានចោលនោះទេ បងប្អូនខ្លះថា រដ្ឋាភិបាលភ្លិចហើយ ១៨នាក់ អត់ទេ។ រាល់ការជួបជុំជាមួយថ្នាក់ដឹកនាំ ខ្ញុំ ជួបជាមួយ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង ខ្ញុំ ជួបជាមួយ ឯកឧត្តម អគ្គលេខាធិការអន្ដរជាតិ លិខិតខ្ញុំផ្ញើជូន ឯកឧត្តម ដូ ណាត្រាំ ផ្សេងៗទៀត សុទ្ធតែទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវកងទ័ពរបស់យើង ១៨នាក់មកវិញ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់កម្ពុជាទាំង ១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ