ភ្នំពេញ ៖ នាពេលថ្មីៗនេះ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានប្រកាសបិទការប្រកួតជាផ្លូវការ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួត នៅទីលានសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញដល់កីឡាករ-កីឡាការិនី និងថ្នាលទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ និងស្វែងយល់បច្ចេកទេសបន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាពេលខាងមុខ។

លោក ក៏ចូលរួមរបស់បណ្ដាសមាគម ក្លិប និងសាលាគុនយ៉ាងផុសផុលនេះ សបញ្ជាក់ពីការរីកចម្រើន លើកកម្ពស់ការយល់ដឹងពីតម្លៃកីឡា និងបេសកកម្មលើកស្ទួយវិស័យកីឡាការ៉ាតេ។ ម្យ៉ាងការប្រកួតនេះ ក៏ជាសក្ខីភាព នៃស្មារតីសហការខ្ពស់ពីគ្រប់មជ្ឈដ្ឋានរបស់គ្រួសារការ៉ាតេ ក្នុងយុទ្ធនាការជាតិ ស្ដីពីការផ្សព្វផ្សាយលើប្រធានបទ «កីឡារស់ក្នុងសន្ដិភាព» ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ការប្រកួតនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៤៨នាក់ មកពី ២១ក្លិប។ ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតប្រចាំឆ្នាំនេះវិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ គឺក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៩គ្រឿង មានមេដាយមាស ១០, ប្រាក់ ៥ និងសំរឹទ្ធ ៤។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ១៣គ្រឿង មានមេដាយមាស ៦, ប្រាក់ ១ និងសំរឹទ្ធ ៦។ ក្លិបហនុមាន ឈរលេខ៣ ឈ្នះមេដាយសរុប ២២គ្រឿង មានមេដាយមាស ៥, ប្រាក់ ៩ និងសំរឹទ្ធ ៨ និងក្លិបក្រសួងមហាផ្ទៃ ឈរលេខ៤ ឈ្នះមេដាយសរុប ១៤គ្រឿង មានមេដាយមាស ៤, ប្រាក់ ៤ និងសំរឹទ្ធ ៦គ្រឿង ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ