ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីវឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដែលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៦២ភាគរយ នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធៀបជាមួយចំនួនប្រជាជន និងយានយន្ដ។

ប្រភពដដែល បន្ដថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំពេញតួនាទីភារកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសហការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ដូចជាការផ្សព្វផ្សាយអប់រំច្បាប់ ការងារសង្គ្រោះបន្ទាន់ជាដើម ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមចំណែកកាត់បន្ថយអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤,៥៦១នាក់ ស្មើនឹង៦២% នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធៀបជាមួយចំនួនប្រជាជន និងចំនួនយានយន្តដូចតទៅ៖ កាត់បន្ថយអត្រាស្លាប់ពីចំនួន១៣.១នាក់ មកនៅត្រឹមចំនួន១០.១នាក់ ក្នុងប្រជាជនចំនួន១សែននាក់, កាត់បន្ថយអត្រាស្លាប់ពីចំនួន១០នាក់ មកនៅត្រឹមចំនួន២.៥នាក់ ក្នុងយានយន្តចំនួន១ម៉ឺនគ្រឿង។

ទន្ទឹមនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់បានជំរុញលើកកម្ពស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រៀបចំឲ្យកាន់តែប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យបានសមស្របតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ និងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ