ភ្នំពេញ ៖ រយៈពេល ៩ខែ ឆ្នាំ ២០២២នេះ កម្ពុជា មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៧,៩០០ ករណី និងស្លាប់ ១៤ករណី មានការកើនឡើងជាង ៦ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមជាង ៧,៩០០ករណី។ ក្នុងនោះស្លាប់ ១៤ ករណី មានការកើនឡើងជាង ៦ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ មានជាង១,៣០០ករណី និងមានអ្នកស្លាប់ចំនួន ៣ករណី»។
លោកវេជ្ជបណ្ឌិត បន្តថា ទោះបីជាករណីជំងឺគ្រុនឈាមរយៈពេល ៩ខែឆ្នាំនេះ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះ មន្ត្រីជំនាញអាចគ្រប់គ្រងស្ថានភាពបាន មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ លោកវេជ្ជបណ្ជិត បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណ ២០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ដើម្បីបង្ការទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការផ្ទុះរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ៕