ភ្នំពេញ ៖ កម្ពុជា បានរកឃើញករណីសង្ស័យជំងឺអុតស្វាលើមនុស្ស៦នាក់ ហើយបានធ្វើតេស្ដយកទៅមន្ទីរពិសោធន៍ លទ្ធផលបង្ហាញថា អវិជ្ជមាន ទាំងអស់។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា «យើងរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថាគ្មានជំងឺនេះក្នុងប្រទេសយើងទេ រហូតពេលនេះ»។ 

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ដថា ករណីដែលសង្ស័យនេះ មិនមែនជាករណីនាំចូលនោះទេ ពោលរកឃើញប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកតែម្ដង ហើយពួកគាត់មិនមានប្រវត្តិធ្វើដំណើរចេញទៅក្រៅប្រទេសនោះឡើយ។ ពួកគាត់ទាំង៦នាក់នោះ បានចេញរោគសញ្ញាសង្ស័យ ដូចជា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខជាដើម ក្នុងនោះក៏មានគ្រុនក្ដៅ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំ។

សូមបញ្ជាក់ថា ជំងឺអុតស្វានេះ គឺប្រភពចម្លងមកពីសត្វព្រៃ ពិសេសករណីត្រូវបានរកឃើញជាប្រចាំនៅអាហ្វ្រិក ប៉ុន្ដែក្រោយមកបានឆ្លងរីករាលដាលទៅកាន់ប៉ែកអឺរ៉ុប ហើយឆ្លងសហគមន៍តែម្ដង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ