ឯកឧត្តម ហោ សំអាត ណែនាំក្រុមការងារចុះជួយឃុំកន្សោមអក និងឃុំប្រាសាទ ត្រូវយកបេះដូងមកធ្វើការ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ
ស្រុកកំពង់ត្របែក ៖ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារចុះជួយឃុំកន្សោមអក និងឃុំប្រាសាទ ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើការណែនាំដល់ក្រុមការងាររបស់ខ្លួន ត្រូវយកបេះដូងធ្វើការ ដើម្បីទទួលបានការគាំទ្រយ៉ាងពេញទំហំពីប្រជាពលរដ្ឋ។
ការលើកឡើងរបស់ឯកឧត្តម ហោ សំអាត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ មេភូមិ-ឃុំ អ្នកអង្កេតការ ប្រជាការពារភូមិ និងសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជា នៅឃុំកន្សោមអក និងឃុំប្រាសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយទាំង ១៨ភូមិ នៃឃុំកន្សោមអក និងឃុំប្រាសាទ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារចុះជួយឃុំកន្សោមអក និងឃុំប្រាសាទ បានមានប្រសាសន៍សំណេះសំណាលជាមួយ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាក្នុងឃុំទាំងពីរ ព្រមទាំងណែនាំសមាសភាពប្រធានក្រុមការងារចុះជួយតាមភូមិនីមួយៗនៃឃុំកន្សោមអក និងឃុំប្រាសាទ ។ ឯកឧត្តម ហោ សំអាត បានធ្វើការបេ្តជ្ញាចិត្តបង្កើតរួមស្តង់ដារតែមួយ ដើម្បីធ្វើយ៉ាងណាឱ្យឃុំប្រាសាទ មានការអភិវឌ្ឍដូចឃុំកន្សោមអក ក្លាយជាឃុំគំរូ និងជាឃុំដែលទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយកម្ពុជាសព្វថ្ងៃរក្សាបាននូវសុខសន្តិភាព វឌ្ឍនភាពឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងកាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានកសាងនូវសមទ្ធិផលជាច្រើនក្នុងនោះការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបើកសេដ្ឋកិច្ចសង្គមឡើងវិញ រហូតដល់មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រធានអាស៊ាន ហើយនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជា ជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២៕