សិង្ហបុរី៖ អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) របស់ប្រទេសសិង្ហបុរី បានឱ្យដឹងថា បារីអេឡិចត្រូនិកជាង ១៨ ៤០០ដើម និងសមាសធាតុពាក់ព័ន្ធចំនួន ១ ៤០០ ត្រូវបានរកឃើញក្នុងរថយន្តដឹកទំនិញ ដែលចុះបញ្ជីនៅម៉ាឡេស៉ី នៅឯច្រក Tuas Checkpoint កាលពីថ្ងៃចន្ទដើមសប្តាហ៍។ នេះ

អាជ្ញាធរនិយាយថា រថយន្តដឹកទំនិញមកដល់ច្រក Tuas Checkpoint នៅប្រហែលម៉ោង ៧ព្រឹក ហើយត្រូវបានកំណត់គោលដៅត្រួតពិនិត្យ តាមរយៈការវាយតម្លៃពីហានិភ័យជាមុន។ បុរសជនជាតិម៉ាឡេស៉ីម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះ ហើយបញ្ជូនទៅឱ្យអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល ដើម្បីស៉ើបអង្កេតបន្ថែម។បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥។

អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យICA បញ្ជាក់ថា «នេះជាការរត់ពន្ធបារីអេឡិចត្រូនិកក្នុងចំនួនច្រើនបំផុត ដែលត្រូវបានរកឃើញនៅប៉ុស្តិ៍ត្រួតពិនិត្យច្រកដីគោករបស់សិង្ហបុរី ចាប់តាំងពីការដាក់ពិន័យខ្លាំង សម្រាប់បទល្មើសដែលទាក់ទងនឹងបារីអេឡិចត្រូនិក ចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥»។ប្រទេសសិង្ហបុរី បាននិងកំពុងបង្ក្រាបបារីអេឡិចត្រូនិក ដោយមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ថា សិង្ហបុរីបានហាមឃាត់ការនាំចូល ការលក់និងចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក តាំងពីខែសីហា ឆ្នាំ២០១៦។ អ្នកនាំចូលបារីអេឡិចត្រូនិក នឹងត្រូវជាប់ពន្ធនាគារចាប់ពី៣ឆ្នាំ ដល់២០ឆ្នាំ។ ចំណែកអ្នកចែកចាយបារីអេឡិចត្រូនិក ត្រូវជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំដល់១០ឆ្នាំ។ រីឯប្រាក់ពិន័យនឹងកើនពី $៣០០សិង្ហបុរី ដល់$៥០០សិង្ហបុរី ចំពោះអ្នកជក់បារីអេឡិចត្រូនិកដែលមានអាយុតិចជាង១៨ឆ្នាំ និងកើនពី$៥០០សិង្ហបុរី ដល់$៧០០សិង្ហបុរី ចំពោះអ្នកដែលមានអាយុលើស១៨ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះតទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ