ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកើនឡើងនៃជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។
ជំងឺនេះក៏ជាជំងឺមួយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ តាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែកលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វមកមនុស្សឡើយ៕