ជនជាប់ឃុំ ដែលបានផ្ញើឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ចំនួន ១១២៥នាក់ ត្រូវទៅឃុំខ្លួន បន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យវិញ
នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ ដោយទទួលបានគោលការណ៍ឯកភាព និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របពេលសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាល អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូន ជនជាប់ឃុំ ដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ចំនួន ១១២៥នាក់ (ស្ត្រី ៦៣នាក់) ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យវិញ។
ប្រតិបត្តិការនេះចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ ទៀបភ្លឺ និងចេញដំណើរនៅម៉ោង ០៦:០០ព្រឹក ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួម លោក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ បានមកដល់គោលដៅនៅវេលាម៉ោង ៩:០០ព្រឹក ប្រកបដោយសុវត្ថិភាព ក្នុងនោះប្រើប្រាស់កម្លាំងមន្ត្រីពន្ធនាគារសរុប ចំនួន១៦៥នាក់ និងរថយន្តដឹកជញ្ជូន ចំនួន៣៧គ្រឿង៕