រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សា បន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្ម កម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សា បន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI)។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្រ្តីរាជការ និងបុគ្គលិកសិក្សានៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី ដែលបានយកអស់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលជាបុរេលក្ខខណ្ឌ និងមូលដ្ឋានគ្រឹះដ៏សំខាន់ បំផុតក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សូមលើកទឹកចិត្តឱ្យគ្រឹះស្ថានទាំង៣ បន្តកិច្ចខិតខំបន្តទៀត តាមរយៈអនុសាសន៍មួយចំនួន ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI), បង្កើនសមត្ថភាព សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ, បំពាក់សម្ភារៈឧបករណ៍ចាំបាច់ និងទាញយកសក្តានុពលឱ្យអស់ពីលទ្ធភាពពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា»៕