ភ្នំពេញ ៖ ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក KARA-OOL Shalban អនុប្រធានរដ្ឋសភា នៃសហព័ន្ធរុស្ស៊ី ខណៈលោក សន្យា ថា នឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី។
ក្នុងឱកាសនោះ សម្តេច ប្រធានរដ្ឋសភា បានថ្លែងអំណរគុណរុស្ស៊ីដែលតំាងពីអតីតសហភាពសូវៀត បានចូលរួមគំាទ្រ ដល់ការស្តារនិងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ ឆ្នាំ២០២៥ នេះ ជាខួបគម្រប់៦៩ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយឆ្នាំ២០២៦ នឹងឈានដល់គម្រប់ខួបទី៧០ឆ្នាំ។ ដូចនេះប្រទេសទំាងពីរគួររៀបចំបង្កើតព្រឹត្តិការណ៍រួមគ្នាអ្វីមួយ ដើម្បីអបអរសាទរនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន ដែលកើតចេញពីចំណងមិត្តភាព ទំនាក់ទំនងដ៏ល្អយូរអង្វែង និងភាពជាដៃគូនៃប្រទេសទាំងពីរ។
លោក KARA-OOL Shalban បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភានិងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដោយបានគូសបញ្ជាក់ថាក្នុងឱកាសខួប ៧០ឆ្នាំនៃចំណងមិត្តភាពនេះប្រទេសទំាងពីរត្រូវតែពង្រឹងពង្រីកទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។
លោក បានសន្យាថា «នឹងខិតខំជំរុញឱ្យមានការជើងហោះហើរត្រង់រវាងកម្ពុជានិងរុស្ស៊ី ដើម្បីងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងបានអបអរសាទរចំពោះការគំាទ្រគ្នាទៅវិញទៅមករវាងសភាប្រទេសទំាងពីរនៅលើវេទិកាអន្តរជាតិនានា ហើយកម្ពុជានិងរុស្ស៊ី ក៏បានសិក្សាបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាច្រើនវិស័យដែរ នៅក្នុងនោះមានការបោះឆ្នោតជាដើម»។
សម្តេច បានស្នើដល់រុស្ស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទំាងពីរឱ្យមានកំណើនបន្តទៀត។ នៅក្នុងនោះ សម្តេច ក៏បានស្នើដល់រុស្ស៊ី បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ីឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើមនុស្ស ជាកត្តាអាទិភាពខ្ពស់បំផុត៕