រដ្ឋមន្ត្រីការបរទេសចិន បានសម្តែងក្តីសង្ឃឹមថា កម្ពុជា និងថៃនឹងចាប់យកឱកាស ដើម្បីពន្លឿនដំណើរការផ្សះផ្សាគ្នា ដោយបន្ថែមថា ចិនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ ដែលផ្អែកលើឆន្ទៈរបស់ភាគីទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN ផ្សាយ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងតាំងពីចុងខែកក្កដា។  លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានដើរតួនាទីសំខាន់ក្នុងបញ្ហានេះ និងបានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយថៃ តាមរយៈកិច្ចសន្ទនា និងការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រៅពីនេះ លោក វ៉ាង យី បានថ្លែងថាប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា តាមគោលការណ៍នៃកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសចិន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសន្ទនាកម្រិតខ្ពស់ និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ រដ្ឋមន្ត្រីការបរទេសចិន ក៏បានអំពាវនាវឱ្យភាគីកម្ពុជា-ចិន ពន្លឿនការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត ក៏ដូចជាការទាញប្រយោជន៍ពីផែនការ“ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រី និងអង្ករ”ផងដែរ។

លោក វ៉ាង យី បានថ្លែងថា ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន ហើយលោកបានបន្តថា ទាំងចិន និងកម្ពុជា ប្រឆាំងនឹងការអំពើគាបសង្កត់ឯកតោភាគី និងការបង្ខិតបង្ខំដោយពន្ធគយរបស់ប្រទេសមួយចំនួន។

ជាការឆ្លើយតប, លោក ស៊ុន ចាន់ថុល បានអរគុណចិន ចំពោះការគាំទ្រកម្ពុជាតាំងពីដើមមក។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កម្ពុជានឹងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់នៃគម្រោង«ខ្សែក្រវាត់ និងផ្លូវ» ជាមួយប្រទេសចិន ក៏ដូចជាការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ