ឡាវផ្អាកការនាំចូលសាច់គោ សាច់ជ្រូក សាច់សេះ និងសាច់ចៀមពីប្រទេសថៃបន្ទាប់ពីផ្ទុះ «ជំងឺអង់ត្រាក់-ពិសធ្យូង»
ឡាវ៖ ឡាវផ្អាកការនាំចូលសាច់គោ សាច់ជ្រូក សាច់សេះ និងសាច់ចៀមពីប្រទេសថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងអង់ត្រាក់ពិសធ្យូង បន្ទាប់ពីបុរសជនជាតិថៃម្នាក់ស្លាប់ដោយសារជំងឺនេះ ខណៈមនុស្សជិត១០០នាក់ផ្សេងទៀត កំពុងស្ថិតក្នុងភាពហានិភ័យនៃការឆ្លងជំងឺនៅឯប្រទេសថៃ។
បុរសជនជាតិថៃ នៅខេត្តមុកដាហារបានស្លាប់ដោយសារជំងឺអង់ត្រាក់ កាលពីថ្ងៃទី៣០ ខែមេសា បន្ទាប់ពីមានកន្ទួល និងដំបៅនៅលើដៃ មើលទៅគួរឱ្យព្រឺសម្បុរ។ មែនទែនទៅ នេះជាករណីស្លាប់ដំបូងបង្អស់ដោយសារជំងឺនេះនៅប្រទេសថៃ ក្នុងរយៈពេល៣០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៤ ខណៈប្រជាជនទូទាំងប្រទេសថៃកំពុងបង្ហាញក្ដីព្រួយបារម្ភ។
មនុស្សចំនួន៦៣៦នាក់នៅក្នុងស្រុកដនតាល មានព្រំប្រទល់ជាប់ប្រទេសឡាវ ត្រូវបានគេជឿថាបានឆ្លងផុតជំងឺនេះ ប៉ុន្តែរដ្ឋមន្ត្រីអះអាងថា ក្នុងចំណោមពួកគេមានចំនួន៥៣៨នាក់ បានឆ្លងផុតរយៈពេលតាមដាន ហើយ៩៨នាក់នៅតែត្រូវបានត្រួតពិនិត្យ។
គួរជម្រាបថា ជំងឺអង់ត្រាក់ ឬពិសធ្យូង គឺជាជំងឺឆ្លងបណ្ដាលមកពីបាក់តេរីបាក់ស៊ីលូស អាន់ត្រាកស៊ីស (Bacillus anthracis)។ ការឆ្លងបណ្ដាលមកពីការបរិភោគសាច់ឆៅ ឬប៉ះពាល់នឹងប្រភេទសត្វស៊ីស្មៅ ដូចជា៖ គោ ក្របី សេះ ចៀម ជាដើម។ ជំងឺនេះបង្កឡើងដោយមេរោគបាក់តេរី មាន៣ទម្រង់នៃជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ សញ្ញា ឬអាការដំបូងៗរួមមាន៖ រមាស់ ពងបែក និងហើម ជាពិសេសនៅលើមុខ ដៃ និងប្រអប់ដៃ។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារសំខាន់ណាស់សម្រាប់ការបន្តរស់រានមានជីវិត។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ប្រទេសកម្ពុជា(CDC)៕