ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តសហការសម្របសម្រួលជាមួយស្ថាប័ន អង្គភាពអនុវត្តច្បាប់ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល។


ចំពោះបទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ ករណី ស្មើនឹង១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង១.៣០%, ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤,៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់(ស្រី៤៣នាក់) ស្មើនឹង១០ជនជាតិ។ គ្រឿងញៀនសរុប ចាប់យកបានជាង ១៤តោន ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១។


គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបន្តការងារតាមគោលការណ៍ដឹកនាំរបស់គណៈបញ្ជាការយុទ្ធនាការ ក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តំបន់ អនុតំបន់ ពិសេសសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនគ្រប់ប្រភេទ ឆ្លងកាត់តំបន់ព្រំដែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ