គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនឡាវ រួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ និងមិនអនុញ្ញាតឱ្យបុគ្គលណា ប្រើទឹករបស់ខ្លួនដើម្បីប្រឆាំងភាគីម្ខាង
ភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រកាសរួមគ្នា ប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ និងមិនអនុញ្ញាតឱ្យបុគ្គល ឬអង្កការចាត់តាំងណាមានសក្មភាព ប្រឆាំង ឬប្រើប្រាស់ទឹករបស់ខ្លួន ដើម្បីប្រឆាំងភាគីម្ខាង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជា។
ក្នុងកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរ លើកទី១៣ នៅរដ្ឋធានីរៀងចន្ទន៍ នៃប្រទេសឡាវ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា បានជូនដំណឹងភាគីឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍អន្តរជាតិនិងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយមក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណាមានសកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេស នៃភាគីម្ខាងទៀត៕EB