ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ ត្រូវពង្រឹង និងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការទប់ស្កាត់ នូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរស្មុគស្មាញ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ   អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុកពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ ។


សម្តេចក្រឡាហោម បន្ដថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន  ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង ។


សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ណែនាំនិងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងនិងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការទប់ស្កាត់និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ»។


លើសពីនេះ សម្តេចក្រឡាហោម បានលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់របស់អង្គការក្រៅប្រទេសមួយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ