ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរគ្រឿងញៀន ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ស្រង់ស្ថិតជនរងគ្រោះដោយសារគ្រឿងញៀន ដើម្បីដឹងតួលេខជាក់លាក់ពិតប្រាកដ។

នាឱកាសអញ្ជើញជាអធិបតីភាពរួមជាមួយ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង បានថ្លែងថា ការស្រង់ស្ថិតិជនរងគ្រោះដោយគ្រឿងញៀន ធ្វើតាមឡើងតាមរយៈ ភូមិ-ឃុំ-ស្រុក រួចហើយបញ្ជូនមកខេត្ត ដើម្បីបូកបញ្ជូនគ្នា។


សម្ដេច ថ្លែងបញ្ជាក់ថា «ខ្ញុំ សូមស្នើអាជ្ញាធរគ្រឿងញៀន សហការជាមួយនឹងរដ្ឋបាលពាក់ព័ន្ធ ដើម្បីធ្វើការស្រង់ស្ថិតជនរងគ្រោះដោយសារគ្រឿងញៀន ឲ្យមានតួលេខ។ ឥឡូវយើងគ្រាន់តែស្មានថា ប្រហែលប៉ុននេះ ប៉ុណ្ណោះ ដោយយើងអត់បានសិក្សា។ យើងសិក្សាធ្វើពីភូមិមក ឲ្យមេភូមិរាយការណ៍មក មានប៉ុន្មាននាក់ប្រើប្រាស់គ្រឿងញៀន ចឹងយើងប្រមូលពី ភូមិ-ឃុំ-ស្រុក មកឲ្យខេត្ត ហើយបូកចូលគ្នា យើងឃើញហើយ ទោះវាមិនត្រូវ ១០០%ក៏ថោយ តែគ្រាន់បើជាងអង្គុយស្មាន»។

សម្ដេច បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តប្ដេជ្ញាយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដូច្នេះអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងវិស័យឯកជន ជាដើម ចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមការពារសុវត្ថិភាពសង្គមរបស់កម្ពុជា។

លើសពីនេះ សម្ដេច ស ខេង បានឲ្យដឹងថា ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ក៏នៅតែជួបប្រទះបញ្ហាប្រឈម អាស្រ័យដោយការខ្វះមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមខេត្តមួយចំនួនទៀត គួបផ្សំគុណភាព ប្រសិទ្ធភាព នៃការព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលព្យាបាលឯកជន និងនៅតាមសហគមន៍ ពុំទាន់មាននិយាមសមស្រប ដែលជាហេតុនាំឲ្យអ្នកញៀនមួយចំនួន ត្រឡប់មកប្រើប្រាស់សារធាតុញៀនវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ