សម្ដេចតេជោ ហ៊ុន សែន យល់ថាកម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្ដាប្រទេសមួយចំនួនទៀត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ឃើញថា ប្រទេសកម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ទោះបីជាកម្ពុជា ទទួលបានជោគជ័យលើជំងឺនេះក៏ដោយ។
យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្ដែង អត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។
សម្ដេចតេជោ បន្ដថា រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ ៥០% ផងដែរ។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធ នឹងការកាត់បន្ថយអត្រាឈឺនឹងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់ កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។
សម្ដេចតេជោ បញ្ជាក់ថា «ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថា ប្រទេសកម្ពុជា យើងនៅមានអត្រាឈី និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក»៕EB