ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នាពេលថ្មីៗនេះ សមត្ថកិច្ចរកឃើញ ពួកឧក្រិដ្ឋជនគ្រឿងញៀនមួយចំនួន បានលួចកែច្នៃផលិតសារធាតុញៀន នៅតាមភូមិសាស្ត្រអំណោយផល នៃបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ លើកឡើងបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។


នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ឲ្យដឹងថា នៅកម្ពុជា ពួកឧក្រិដ្ឋជនគ្រឿងញៀនបានឆក់ឱកាសផ្លាស់ប្ដូររូបភាព វិធីសាស្ត្រ និងឧបាយកល ថ្មីៗ ក្នុងការដឹកជញ្ជូនគ្រឿងញៀន ដែលភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ឆ្លងកាត់ ប្រទេសកម្ពុជាតាមផ្លូវគោក ផ្លូវទឹក (ព្រំដែនឡាវ-កម្ពុជា) តាមបញ្ញើប្រៃសណីយ៍ និងតាមដែនសមុទ្រ នៃប្រទេសកម្ពុជា ដើម្បីនាំចេញបន្តទៅប្រទេសទី៣ផង និងមួយផ្នែកទៀតលួចលាក់ចរាចរ ជួញដូរនៅ ក្នុងស្រុកផង។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា «ថ្មីៗនេះ ក៏ពិនិត្យឃើញថា ពួកឧក្រិដ្ឋជនគ្រឿងញៀនមួយចំនួន បានលួចកែច្នៃផលិត សារធាតុញៀននៅតាមភូមិសាស្ត្រអំណោយផលនៃបណ្តាខេត្តមួយចំនួន ដោយបន្លំជ្រកក្រោមស្លាក រោងចក្រ ឬសិប្បកម្ម សហគ្រាស និងខ្លះទៀតលួចកែច្នៃនៅតាមខុនដូរ ក្នុងបូរី ឬដីចំការ»។


នាយឧត្តមសេនីយ៍ បានបន្ថែមថា ថ្វីបើស្ថិតក្នុងបរិបទកូវីដ-១៩ នៅមិនទាន់សាបរលាបទៅវិញក៏ដោយ ប៉ុន្តែអាស្រ័យដោយការ ដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់ និងគ្រប់គ្រងបានទាន់វេលា ជាពិសេសវិធានការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩០% បានធ្វើឱ្យស្ថានភាពការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានភាពធូរស្រាល និងបានផ្ដល់លទ្ធភាពឱ្យកម្ពុជាបើកដំណើរការ សកម្មភាព ជីវភាពសង្គមជាប្រក្រតីឡើងវិញ និងបានបង្កលក្ខណៈសម្បត្តិគ្រប់គ្រាន់ដល់គ្រប់យន្តការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រមូលផ្តុំធ្វើសកម្មភាពស្របតាមទិសដៅ និងតាមគោលការណ៍ដែលបានកំណត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ