លោក ឡេង ណាវ៉ាត្រា ប្រកាសក្តែងៗប្រសិនបើលោក កាប់ឈើក្នុងតំបន់ភ្នំតាម៉ៅលក់ ១ តែមីលីម៉ែត្រ លោកនឹងដើរចូលគុក
ភ្នំពេញ៖តាមរយៈសារជាសម្លេងដែលបានចែកចាយនៅតាមបណ្តាញសង្គម នៅថ្ងៃទី ១៨ ខែសីហានេះ លោក ឡេង ណាវ៉ាត្រា ប្រកាសក្តែងៗប្រសិនបើលោក កាប់ឈើក្នុងតំបន់ភ្នំតាម៉ៅលក់ ១ តែមីលីម៉ែត្រ លោកនឹងដើរចូលគុក ។
លោក ឡេង ណាវ៉ាត្រា លើកឡើងថា កន្លងមកមានមតិមួយចំនួនតែងតែបំភ្លើសការពិត ថាលោកមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឱ្យអ្នកនេះធ្វើឱ្យអ្នកនោះ ជាការលាបពណ៌ ដ៏សាហាវ ដែលលោកពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ ដែលជាការចោទប្រកាន់ ដ៏អាក្រក់បំផុត។
ក្នុងសារសម្លេងនោះដែរអ្នកឧកញ្ញ៉ា បានរៀបរាប់អំពី គោលបំណងរបស់ ក្រុមហ៊ុនលោកដែលទទួលសិទ្ធិក្នុងការវិនិយោគគឺចង់ឱ្យប្រជាពលរដ្ឋមិនទាន់មានលំនៅដ្ឋាន អាចទិញគម្រោងនេះបានត្រឹម ៣០ ដុល្លារ ទៅ ៦០ ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត ៦១% ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើត សួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសអោយបងប្អូនទទួលបានផលចំណេញពីក្រុមហ៊ុន។ ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលសម្រេចចិត្តឱ្យអភិវឌ្ឍ ដោយគិតផលប្រយោជន៍ជាតិ។
មិនត្រឹមតែប៉ុណ្ណោះលោក បានបង្ហាញអារម្មណ៍សោកស្តាយក្រោយមានការចោទប្រាក់ដោយលោក បញ្ជាក់បន្តថា៖ “វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់ នេះជាការឈឺចាប់បំផុត ទោះបីរឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្ដែវាជាការលាបពណ៌ដ៏អាក្រក់ ជាការបំផ្លាញដល់កិត្តិយសខ្ញុំ ក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ”៕SP