សម្ដេច ស ខេង ប្រាប់ទូតអង់គ្លេសថា កម្ពុជា ប្ដេជ្ញាប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអង់គ្លេសថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស គឺបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន។
នាឱកាសអនុញ្ញាតជូនលោក Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ»។
សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស គឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់ នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធ ក៏ដូចជា មេក្លោង ជាដើម។
សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងពីបំណងឲ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធក៏ដូចជាការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន។
នាឱកាសនោះ លោកទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក៏មាន សម្ដេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំផ្ទាល់ដែលបានខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ខណៈការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តមក៏សម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមចំណែក ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ានក្នុងការអនុវត្តនូវយន្តការនានាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស៕EB