មហាជនឆ្ងល់ថា តើក្មេងមួយក្រុមនេះកំពុងគិតអ្វី ខណៈពួកគេនាំគ្នាអង្គុយផឹកស៊ីយ៉ាងទំនើង នៅលើខឿន កៀកទីតាំងព្រះបរមរូបព្រះបរមរតនកោដ្ឋ ដែលជាទីតាំងត្រូវបានប្រជាពលរដ្ឋគោរពបំផុតមួយ
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសបុ៊ក បាននឹងកំពុងធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើយុវជនមួយក្រុម ដែលបាននាំគ្នា អង្គុយផឹកស៊ី មានទាំងកេសស្រាបៀរថែមទៀតផង នៅលើខឿននៃទីតាំងព្រះបរមរូប ព្រះបររមរតនកោដ្ឋ ដែលជាទីតាំងសំខាន់មួយត្រូវបានរដ្ឋាភិបាលរៀបចំឲ្យមានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ចំពោះព្រះបរមតនកោដ្ឋ ជារៀងរាល់ឆ្នាំ។
តាមរយៈសកម្មភាពអនាធិបតេយ្យរបស់ក្មេងមួយក្រុម ដែលនាំគ្នាផឹកស៊ីនៅទីតាំងដែលប្រជាពលរដ្ឋសម្រាប់គោរពនេះមហាជនខ្លះបានលើកឡើងថា ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយសប្រទេសជាតិ ធ្វើអោយជនបរទេសវាយតម្លៃក្នុងរូបភាពផ្សេងៗមកលើកម្ពុជា ។
សូមជម្រាបថា រហូតមកទល់ពេលនេះ គេពុំទាន់ឃើញថាមានសមត្ថកិច្ច ឬអាជ្ញាធរដែនដីមានវិធានការយ៉ាងណាទេ ចំពោះក្មេងមួយក្រុមដែលតែងតែធ្វើការអង្គុយផឹកស៊ីនៅលើខឿនព្រះបររូប ដើម្បីធ្វើការអប់រំកុំឱ្យប្រព្រឹត្តិទង្វើបែបនេះទៀត។
គួររំលឹកថា កន្លងមក តាមបណ្តាលទីតាំងសួងច្បារមួយចំនួនក្នុងទីក្រុងភ្នំពេញ គេឃើញនៅតែមានសកម្មភាពអង្គុយផឹកស៊ី ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនតូច បើទោះជាអាជ្ញាធរធ្លាប់បានហាមឃាត់ក៏ដោយ៕