ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។
ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប។
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកនេះ អង្គសភាបានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័តគឺ៖
១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ៕