ប្រទេសវៀតណាមបានបិទព្រលានយន្តហោះ, សាលារៀន និងចាប់ផ្តើមជម្លៀសប្រជាជនយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងការវាយប្រហារពីព្យុះដ៏មានឥទ្ធិពលបំផុតសម្រាប់ឆ្នាំនេះ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះ បានបញ្ជាក់ថា ព្យុះទីហ្វុង Kajiki មានល្បឿនខ្យល់រហូតដល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលព្យុះនេះ ចូលជិតឆ្នេរភាគកណ្តាលរបស់វៀតណាម ហើយវានឹងកាន់តែមានឥទ្ធិពលខ្លាំងឡើង មុនពេលបោកបក់ចូលដល់ដីគោក នៅរសៀលថ្ងៃចន្ទ ទី២៥ ខែសីហានេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA ។
រដ្ឋាភិបាលវៀតណាម បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែសីហាថា "នេះគឺជាព្យុះ ដែលមានល្បឿនយ៉ាងលឿន និងមានគ្រោះថ្នាក់បំផុត"។ រដ្ឋាភិបាលវៀតណាមក៏បានព្រមានថាព្យុះ Kajiki នេះ នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង, ទឹកជំនន់ និងការបាក់ដីជាដើម។សូមជម្រាបជូនថា ប្រទេសវៀតណាមមានឆ្នេរសមុទ្រដ៏វែង ដែលបែរមុខទៅសមុទ្រចិនខាងត្បូង ហេតុនេះប្រទេសវៀតណាមងាយនឹងរងគ្រោះដោយព្យុះដែលតែងតែកើតឡើងជាញឹកញាប់ និងបង្កឲ្យមានទឹកជំនន់ និងការបាក់ដី។
រដ្ឋាភិបាលវៀតណាមបានលើកឡើងថា ព្យុះ Kajiki មានកម្លាំងខ្លាំងដូចព្យុះទីហ្វុង Yagi ដែលបានវាយប្រហារប្រទេសនេះ ប្រហែលជិតមួយឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ៣០០នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ ៣.៣ពាន់លានដុល្លារអាមេរិក។
អាជ្ញាធរវៀតណាមបានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី២៤ ខែសីហាថា មានមនុស្សជាងកន្លះលាននាក់នឹងត្រូវជម្លៀសទៅកន្លែងសុវត្ថិភាព។ ក្រៅពីនេះ អាជ្ញាធរវៀតណាមក៏បានបញ្ជាឱ្យបិទព្រលានយន្តហោះចំនួន ២នៅខេត្តThanh Hoa និងQuang Binh ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និង Vietjet បានលុបចោលជើងហោះហើរជាច្រើននៅក្នុងតំបន់នោះផងដែរ៕