ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានផ្ដាំផ្ញើដល់យុវជនកម្ពុជា ថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិរីកចម្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខសន្តិភាព។

ការផ្ដាំផ្ញើរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំកម្ពុជាទាំងមូល ដែលមានគោលដៅចម្បង គឺដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ឯគ្រូក៏ខំប្រឹងបង្រៀន ត្បិតថាទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងភាពយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ដូច្នេះកម្ពុជានឹងទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាកម្លាំងចលករដ៏សំខាន់គាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ