គណៈកម្មការអនុសញ្ញាអូតាវ៉ា ទទួលយកការបំភ្លឺរបស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ លើការដាក់មីនថ្មី
ភ្នំពេញ ៖ គណៈកម្មការអនុសញ្ញាអូតាវ៉ា បានកត់សម្គាល់ការឆ្លើយតបរបស់កម្ពុជា ដោយបានច្រានចោលការចោទប្រកាន់របស់ថៃ លើការដាក់មីនថ្មី និងលើកទឹកចិត្តដល់កម្ពុជា និងថៃបន្តកិច្ចសន្ទនា កាត់បន្ថយភាពតានតឹងប្រកាន់ខ្ទាប់នូវបទឈប់បាញ់ និងបន្តជំរុញសកម្មភាពមីនមនុស្សធម៌។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបញ្ជាក់ក្នុងសន្នីសិទសារព័ត៌មាននៅល្ងាចថ្ងៃទី២៦ ខែសីហា នេះថា ក្រោយពីថៃបានចោទប្រកាន់ជាបន្តបន្ទាប់លើកម្ពុជាដែលថាបានដាក់មីនថ្មីនោះ កម្ពុជាបានប្រើមធ្យោបាយការទូតទៅកាន់ប្រធានអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សតែម្ដងដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន ទាំងការដាក់លិខិតទៅផ្ទាល់ និងប្រជុំបកស្រាយនៅថ្ងៃទី២១ ខែសីហា ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ និងបានហៅការចោទប្រកាន់នោះថាគ្មានមូលដ្ឋាន ក្រោមហេតុផលនយោបាយ ហើយខ្វះនូវសំអាងដែលមិនអាចទុកចិត្តបាន និងជាការប៉ុនប៉ងបង្ខូចកម្ពុជា។
លោកក៏បានលើកឡើងពីសំអាងដែលអង្គការដោះមីនអន្តរជាតិដូចជា APOPO និង HALO TRUST បានអះអាងពីគ្រាប់មីនទាំងនោះថាជាមីនចាស់ចំពោះសមាជិកអនុសញ្ញាអូតាវ៉ាផងដែរ។
លោកថា៖ «សូមជម្រាបផងដែរថាប្រធានអនុសញ្ញាអូតាវ៉ា ហើយនឹងសមាជិកបានធ្វើការកត់ត្រានូវការបំភ្លឺរបស់កម្ពុជាហើយក៏បានទទួលស្គាល់នូវការរួមចំណែកដ៏យូរអង្វែងរបស់កម្ពុជាក្នុងសកម្មភាពមីន»។
ជាមួយគ្នានោះកម្ពុជាក៏បានអះអាចជាថ្មីពីការគោរពអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាមិនដែលដាក់មីនថ្មីនោះទេចាប់តាំងពីពេលដែលខ្លួនក្លាយជាសមាជិកអនុសញ្ញាអូតាវ៉ានៅឆ្នាំ២០០០មកផងដែរ។
បន្ទាប់ពីដើរល្បាតជាន់មីនដាច់ជើងជាបន្តបន្ទាប់ថៃបានទម្លាក់កំហុសពីការដាច់ជើងរបស់ទាហានខ្លួនថាជាន់មីនដែលទាហានកម្ពុជាលួចចូលដាក់ក្នុងដីថៃ រហូតបង្កើតរូបភាពជាច្រើនដើម្បីចោទប្រកាន់កម្ពុជាផងដែរ។ ទោះជាយ៉ាងណាកម្ពុជាបានធ្វើការបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់ទាំងនេះ៕