ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ អង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់ នៃគ្រឿងស្រវឹងទៅលើស្រ្តី។

តំណាងក្រសួងកចិ្ចការនារី អង្គការជាតិនិងអន្តរជាតិ ដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាជាដើម។ 

ភាពញឹកញាប់ នៃអំពើហិង្សាក្នុងគ្រួសារកើនឡើងស្របគ្នានិងភាពញឹកញាប់ នៃការប្រើប្រាស់គ្រឿងស្រវឹង នៃប្ដីប្រពន្ធ ឬដៃគួស្និទ្ធស្នាល១។  ស្រ្តីមួយចំនួនបានក្លាយជាជនពិការ មេម៉ាយវ័យក្មេង បាត់បងកូនៗ និងមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយគ្រឿងស្រវឹងផងដែរ។ លើសពីនេះ ស្រ្តីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការចិញ្ចឹមបីបាច់កូនៗក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ។

គួរបញ្ជាក់ថា សមាជិកអង្គសិក្ខាសាលា បានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចជា ៖ បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងសហមគមន៍តាមមធ្យាបាយផ្សេងៗ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង, ជំរុញឱ្យមានការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីសង្គមស៊ីវិល, កំហិតឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលទាក់ទាញនិងជំរុញចិត្តឱ្យស្រ្តីចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន, កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង។

ជាងនេះទៅទៀត កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង, ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់ស្រ្តីវ័យក្មេង និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់ស្រ្តី, ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង និងកាត់បន្ថយហានីភ័យលើស្រ្តីវ័យក្មេង ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ, ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ