ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជា នឹងបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា ៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី បានរម្លឹកថាក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

សូមរំលឹកថា បច្ចុប្បន្នអង្គការសហប្រជាតិមានកងកម្លាំងនគរបាលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពប្រមាណជាង ៩ ០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្មផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ