ស្ត្រីខ្មែរម្នាក់ ដែលរងគ្រោះដោយសារការរំលោភបំពាន នៅប្រទេសចិន ឥឡូវនេះ បានមកដល់កម្ពុជា វិញហើយ
ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះដោយការរំលោភបំពាន តាមរយៈអាពាហ៍ពិពាហ៍ នៅប្រទេសចិន បានធ្វើមាតុភូមិនិវត្តន៍វិញហើយ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្រោយក្រសួងការបរទេស តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅសៀងហៃ ជួយអន្តរាគមន៍។ ការអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីគាត់បង្ហោះវីដេអូលើបណ្តាញសង្គម Facebook អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួយសង្គ្រោះដោយសារចាញ់បោកគេ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែររូបនេះ ដែលមានឈ្មោះថា សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន។ ក្រសួងការបរទេសប្រាប់ថា ស្ត្រីរូបនេះមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។
លោក គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដែរថា បន្ទាប់ពីមានការអន្តរាគមន៍ ស្រ្តីរងគ្រោះបានទៅដល់ស្ថានអគ្គកុងស៊ុល នៅវេលាម៉ោង ២១៖០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយសុវត្ថិភាព ហើយស្នាក់នៅស្ថានអគ្គកុងស៊ុលកម្ពុជារហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទើបចេញដំណើរត្រឡប់មកកម្ពុជាវិញតាមជើងយន្ដហោះ (Spring Airlines 9 c8533)។ តាមការគ្រោងទុក ស្ត្រីរងគ្រោះត្រូវចេញដំណើរពីទីក្រុងសៀងហៃ វេលាម៉ោង ១៣៖៥៥នាទី និងមកដល់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១៧៖០៥នាទីល្ងាចថ្ងៃដដែល។
ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ-១៩ ដែលសរុបជាទឹកប្រាក់ ៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ។ នេះបើតាមលោក កុយ គួង បានឲ្យដឹងបន្ថែម។
លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានឲ្យដឹងថា ក្រោយធ្វើដំណើរមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា ខាងមន្រ្តីរបស់លោកប្រចាំការ នៅទីនោះ បានមើលថែគាត់បានយ៉ាងល្អ និងបានរៀបចំរួចរាល់ហើយដែរ សម្រាប់ការវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។
សូមរំលឹកថា ស្រីខ្មែរមិនតិចនាក់ទេ ដែលត្រូវបានចាញ់បោកអ្នកដទៃ តាមរយៈអាពាហ៍ពិពាហ៍បែបនេះ។ មានអ្នកខ្លះ បែរជាបានរៀបការជាមួយប្តីមិនគ្រប់ទឹក ហើយក៏មានអ្នកខ្លះទៀត ត្រូវបានប្តីកាចសាហាវ យកពួកគាត់ទៅប្រើប្រាស់ដូចសត្វធាតុក៏មាន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ស្ត្រីខ្មែរគ្រប់រូប ពិចារណាក្នុងការយកប្តីបរទេស ដើម្បីចៀសវាងការចាញ់បោកគេផងដែរ៕EB