ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃមុនពិធីបុណ្យកាន់បិណ្ឌ នៅកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងសរុបចំនួន៤៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់២៤នាក់ និងរងរបួស៥៨នាក់។ ចំនួននេះគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន ថ្ងៃទី១កញ្ញា មាន៨ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី២មាន៤ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃទី៣មាន៤ករណី ស្លាប់១នាក់ របួស៦នាក់ ថ្ងៃទី៤មាន៨ករណី ស្លាប់៦នាក់ របួស៥នាក់ ថ្ងៃទី៥មាន៦ករណី ស្លាប់១នាក់ របួស១៣នាក់ ថ្ងៃទី៦ មាន៥ករណី ស្លាប់៤នាក់ របសួស៤នាក់ និងថ្ងៃទី៧ មាន៨ករណី ស្លាប់៥នាក់ និងរបួស១០នាក់។
ផ្អែកតាមរបាយការណ៍ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរយៈពេល៧ថ្ងៃដើមខែកញ្ញានោះ រួមមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
អ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ចំនួន៨ចំណុច ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល និងរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិជាដើម៕