អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ដោយនឹងផុតកំណត់ នៅថ្ងៃទី៣០ ខែវិច្ឆិកា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
យោងតាមការជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា «រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ អគ្គនាយដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមក បង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
ក្នុងនោះម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់បន្ថែមថា ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាល(ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន៕