ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។

សម្តេចបវរធិបតី មានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។ 

លោកប្រធានាធិបតី បានឯកភាពចំពោះការលើកឡើងរបស់សម្តេចបវរធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងកងទ័ព, ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោក ប្រធានាធិបតីបានបន្ថែមថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ