ខេត្តបាត់ដំបង ៖ ព្រះសង្ឃជិត ២០អង្គ ដែលគង់នៅក្នុងវត្តខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបានបវេល ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុកថ្មគោល ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី០១ វិច្ឆិកា ក្រោយពីព្រះសង្ឃទាំងនោះមានអាការៈឡើងកំដៅខ្លាំង ស្រែកយំផ្អើលពេញវត្ត ។ នេះបើយាងតាមប្រភពព័ត៌មានដែលបានឲ្យដឹងកាលពីរំលងអធ្រាត្រយប់មិញ ។

ព្រះតេជគុណ អ៊ឹប ភារុណ ដែលបានដឹកបញ្ជូនព្រះសង្ឃទៅកាន់មន្ទីរពេទ្យកាលពីយប់មិញ បានឱ្យដឹងថា ព្រះសង្ឃចំនួន១៨អង្គនៅក្នុងវត្តខ្នាចរមាស ពិតជាកើតមានអាការៈក្ដៅខ្លួនខ្លាំងមែន រហូតដល់អង្គខ្លះស្រែកយំផ្អើលពេញវត្ត ។ ព្រះតេជគុណមានសង្ឃដីកា បន្តថា អាការៈបែបនេះ បានកើតឡើងប៉ុន្មានថ្ងៃកន្លងមកហើយ ទៅលើព្រះសង្ឃតែ៤ឬ៥អង្គប៉ុណ្ណោះ។ ប៉ុន្តែនៅម៉ោងប្រហែល៨យប់មិញ ស្រាប់តែឆ្លងរាលដាលខ្លាំងដល់ព្រះសង្ឃរហូតដល់ទៅ១៨អង្គ។

បើតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដដែលបានប្រាប់ថា ព្រះសង្ឃប៉ុន្មានអង្គដំបូងមានអាការៈឡើងកំដៅខ្លាំង ហើយគ្រូចៅអធិការវត្ត ក៏បានហៅគ្រូពេទ្យទៅពិនិត្យនិងប្រើប្រាសថ្នាំបន្ថយកំដៅ ។ ប្រភព បានបញ្ជាក់ថា ក្រោយគ្រូពេទ្យឲ្យឆាន់ថ្នាំ ព្រះសង្ឃទាំងនោះក៏បានធូរស្រាលភ្លាមៗ តែក្រោយមកក៏ឡើងកំដៅវិញ ហើយនៅថ្ងៃទី០១ វិច្ឆិកា ស្រាប់តែជំងឺនេះក៏ឆ្លងរាលដាលខ្លាំងដល់ព្រះសង្ឃនានា នៅក្នុងវត្តរហូតដល់ទៅ១៨អង្គ ធ្វើឲ្យព្រះសង្ឃអង្គខ្លះស្រែកយំពេញសាលាឆាន់ ទើបអាជ្ញធរសម្រេចឲ្យរថយន្តសាមុយជួយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលតែម្ដង។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី០២ វិច្ឆិកា នេះ គ្រូពេទ្យជំនាញមិនទាន់ផ្ដល់លទ្ធផលរោគសញ្ញានៅឡើយទេ។ ដូច្នេះព្រះ អង្គត្រូវរង់ចាំចម្លើយពីគ្រូពេទ្យសិន ទើបអាចផ្ដល់ចម្លើយអំពីរោគសញ្ញារបស់ព្រះសង្ឃទាំង១៨អង្គនេះបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ