ក្រសួងសាធារណការ ត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម នូវការដាក់ពាក្យស្នើសុំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះ(ឆៀក) ជំនាន់ទី២ និងវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត
ថ្មីៗនេះ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មវិទ្យា និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយ លោក ហ៊ាង សុទ្ធាយុត្តិ បានជួយពិភាក្សាពីត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដាក់ពាក្យស្នើសុំ ឆៀក និងការងារប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក។
នាឱកាសនោះ លោកអគ្គនាយក បានសង្ឃឹមយ៉ាងមុតមាំ ថាប្រព័ន្ធថ្មីនេះ នឹងចូលរួមដោះស្រាយបញ្ហាប្រឈម នានា និងធ្វើឱ្យការផ្តល់សេវាកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះដែរ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនង សាធារណៈរបស់ក្រសួង ក៏បានលើកឡើងអំពី បទពិសោធន៍ ជាមេរៀន ចំពោះការផ្តល់សិទ្ធប្រទានទៅក្រុមហ៊ុនឯកជន ដើម្បីចូលរួម អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដែលខ្វះការទទួលខុសត្រូវ បានបង្កជាផលលំបាក បញ្ហាស្មុគស្មាញ ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងសន្តិសុខផ្ទៃក្នុងជាតិ ដែលត្រូវមានវិធានការ គ្រប់គ្រងទប់ស្តាក់ក្នុងពេលអនាគត។ នាយកដ្ឋាន ក៏កំពុងធ្វើការបញ្ចប់ការរៀបចំ គោលការណ៍ សុវត្ថិភាព សន្តិសុខបច្ចេកវិទ្យា ក្នុងក្របខណ្ឌការងារ វិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីដាក់ចេញឱ្យប្រើប្រាស់ ចូលរួមធានា សន្តិសុខទិន្នន័យក្នុងវិស័យ និរន្តរភាពការងារគ្រង់គ្រងដោយប្រើប្រាស់បច្ចេកវិទ្យា និងការការពារ អ្នកប្រើប្រាស់ រួមជាមួយវិធានការនានាផងដែរ៕
អត្ថបទទាក់ទង
-
បុណ្យចូលឆ្នាំថ្មី គឺជាដំណាក់កាលសំខាន់បំផុត