ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ) បានថ្លែងថា ការដកកម្ពុជា ចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម បានសម្ដែងកោតសរសើរចំពោះសមិទ្ធផលការងារដ៏គួរឱ្យកត់សម្គាល់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបានការដកកម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។

សម្ដេច បានមានប្រសាសន៍ថា «ការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដូច្នេះ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ»។

បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បើកកិច្ចប្រជុំ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានធ្វើរបាយការណ៍លម្អិតជូនសម្ដេច និងអង្គប្រជុំ អំពីសកម្មភាពការងាររបស់ គ.ស.ហ. និងទិសដៅការងារសំខាន់ៗមួយចំនួនទៀត ក្នុងបេសកកម្មដើម្បីបញ្ចៀសកម្ពុជាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ