ភ្នំពេញ ៖ លោកយាយវ័យចំណាស់មួយរូប បាននាំយកខ្សែគោ និងក្រមាពីស្រុកខ្មែររហូតដល់អាមេរិក ដើម្បីជារង្វាន់ជូនចៅប្រុសក្នុងថ្ងៃបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក។ ខ្សែគោ និងក្រមានេះ គឺជាមរតកអនុស្សាវរីយ៍របស់យុវជន ពេជ្រ មូន បានប្រើប្រាស់ជាប់ជាប្រចាំពេលគេនៅកុមារភាពលើដីជនបទក្នុងខេត្តកំពង់ឆ្នាំង។

យុវជន ពេជ្រ មូន បានបញ្ចប់ការសិក្សាប្រកបដោយមោទនភាពបំផុតពីបណ្ឌិតសភាយោធាអាមេរិក បន្ទាប់ពីបានប្រឹងប្រែងស្វាធ្យាយសិក្សាអស់រយៈពេល៤ឆ្នាំ។ ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក។

សមិទ្ធផលបញ្ចប់ការសិក្សាពីសាលាយោធាលើដីអាមេរិកដែលជារឿងដ៏កម្រសម្រាប់យុវជនខ្មែរ ជារឿងមួយដែលនាំឱ្យមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងខ្លាំងណាស់ទៅហើយសម្រាប់យុវជន ពេជ្រ មូន។ ប៉ុន្តែសំណេរ និងរូបភាព រៀបរាប់ពីការនាំយកខ្សែគោ និងក្រមារបស់ជីដូន ពីស្រុកខ្មែរ រហូតដល់អាមេរិក ជូនយុវជន ពេជ្រ មូន បាននាំឱ្យមានការស្ញប់ស្ញែងកាន់តែខ្លាំងថែមទៀត។

សំណេរ និងរូបភាពនេះ បាននាំឱ្យមានការចែកចាយយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក។ យុវជន ពេជ្រ មូន បានរៀបរាប់ឱ្យដឹងថា ក្រមា និងខ្សែគោ ដែលជាមរតកអនុស្សាវរីយ៍ប្រើប្រាស់ពេលកុមារភាពនេះ ត្រូវបានជីដូនរក្សា១០ ឆ្នាំហើយ។

យុវជនបញ្ចប់ការសិក្សាពីសាលាយោធារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើននៅក្នុងថ្នក់បាយ មានតែបាយ និងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់នេះ ធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក»។

ពេជ្រ មូន បានរៀបរាប់ថា រូបគេស្ទើរស្រក់ទឹកភ្នែក ពេលឮប្រសាសន៍អ្នកមានគុណដែលបីបាច់ថែរក្សា តាំងពីទើបនឹងកើត រហូតធំពេញវ័យ។ ពេជ្រ មូន ចាត់ទុករង្វាន់ខ្សែគោ និងក្រមានេះ ជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់គេ។

សូមបញ្ជាក់ថា យុវជន ពេជ្រ មូន ជាកូនកសិកររស់នៅភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ រូបគេទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក រយៈពេល៤ឆ្នាំ ហើយទើបបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២២នេះ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ