(មានវីដេអូ) បុរសយកកាំភ្លើង AK មកគំរាមអ្នកជិះម៉ូត សារភាពថា កាំភ្លើងAKនោះ ខ្លួនរើសបានពីក្នុងដី បន្ទាប់ពីមហាជនចោទសួរថា តើមានមុខងារអ្វី បានមានកាំភ្លើងកាន់?
ភ្នំពេញ ៖ បន្ទាប់ពីមហាជនងើយឆ្ងល់ថា តើបុរសយកកាំភ្លើង AK 47 មកគំរាមអ្នកជិះម៉ូតនោះ បានកាំភ្លើងមកពីណា? ហើយមានមុខងារអ្វីដែរ? ក្រោយមកបុរសម្នាក់នោះ បានសារភាពថា អាវុធ AK 47 គឺជាអាវុធដែលរើសបានពីក្នុងដី ពេលភ្ជួរដាំអំពៅ ហើយយកមកដុសខាត់ បាញ់ថ្នាំសារជាថ្មី។
យោងតាមសេចក្ដីបំភ្លឺរបស់ អគ្គស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងករណីរឿងនេះ ស្នងការ បានបញ្ជាឲ្យជំនាញចាត់ការយ៉ាងតឹងរឹង នៅតាមច្បាប់ជាធរមាន។
អគ្គស្នងការ រៀបរាប់ថា អ្នកបើករថយន្ត បានទាញកាំភ្លើងមកគំរាម មានឈ្មោះ ញឹក ផល អាយុ៣៨ឆ្នាំ មុខរបរមើលការខុសត្រូវចំការអំពៅ រីឯអ្នកបើកម៉ូតូមានឈ្មោះ ប្រាក់ សំបាន អាយុ៣០ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យ បានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK 47 ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង៕EB