នាយឧត្តមសេនីយ៍ នេត សាវឿន ប្រាប់មន្ដ្រីក្រោមឱវាទថា នៅឆ្នាំ២០២៣នេះ បន្ដប្រយុទ្ធប្រឆាំងបទល្មើសនានា និងបង្កើនភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់មន្ដ្រីក្រោមឱវាទថា នៅឆ្នាំ២០២៣នេះ បន្ដប្រយុទ្ធប្រឆាំងបទល្មើស បង្កើនភាពកក់ក្ដៅ ព្រមទាំងកាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋផងដែរ។
ក្នុងប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ នារសៀលថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្ដល់នូវអនុសាសន៍ចំនួន ៦ចំណុច សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ រួមមាន៖
ទី១៖ ការពារឲ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម។
ទី២៖ បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ទី៣៖ ការពង្រឹងការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ និងអគ្គិភ័យ។ គោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
ទី៤៖ ការងារព្រំដែន ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការជាមួយប្រទេសជិតខាង។
ទី៥៖ ការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។ ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
ទី៦៖ ពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញសង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង។ ក្នុងនោះត្រូវរៀបចំក្រុមតាមដានប្រព័ន្ធទំនាក់ទំនងសង្គម ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបដោះស្រាយ និងសំណូមប្រជាពលរដ្ឋ ខណៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានមជ្ឈមណ្ឌលប្រចាំបញ្ជា លេខទូរស័ព្ទ ១១៧ រង់ចាំទទួលបណ្ដឹង និងការសួរនាំពីប្រជាពលរដ្ឋ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ