ភ្នំពេញ​ ៖​ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន​​  សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី  រួមមានរដ្ឋមន្រ្តី ​ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំធុរកិច្ច​។ក្នុងឱកាសទស្សនកិច្ចនេះ  សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយ លោក​ ស៊ី​​​​ ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក​ លី ខឺឈាង​នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន​ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ​​ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕​EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ