ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគ្មានបំណងចង់បានទឹកដី របស់អ្នកណា ដូចអ្នកនយោបាយ ជ្រុលនិយមថៃ ដែលប្រកាសមកវាយដណ្តើម យករាជធានីភ្នំពេញ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាការពារទឹកដី មិនឲ្យបាត់បង់មួយមីលីម៉ែត្រឡើយ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ

សម្ដេចធិបតី បន្ដថា កម្ពុជាមិនចាំបាច់មាត់អួតដូចគេ បន្ដិចថា៥នាទីយន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា កម្ពុជាសូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារក៏មានយុទ្ធវិធីវ៉ៃបកដែរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ